
ថ្ងៃអង្គារ ១១ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រែយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី រួមដំណើរដោយនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញ ចុះសួរសុខទុក្ខភរិយាកងទ័ពជួរមុខចំនួនពីរគ្រួសារ រួមមាន អ្នកស្រី សៀង ចាន់ណា អាយុ៤១ឆ្នាំ ជាភរិយាកងទ័ពជួរមុខទិស ឧត្តរមាន ជ័យ ដែលបានភៀសខ្លួនមករស់នៅស្រុកកំណើត ស្ថិតនៅភូមិអណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងភរិយាកងទ័ពនៅជួរមុខ១គ្រួសារទៀត ឈ្មោះ អ្នកស្រី វី ចាន់មួយលី អាយុ ២៤ឆ្នាំ បានភៀសខ្លួនមកនៅ ភូមិកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភរិយារបស់យោធិនឈ្មោះ ឯក វិច្ឆ័យ ជាកងទ័ពជួរមុខ នៅទិស ឧត្តរមានជ័យ ដែលបានច្បាប់ពីអង្គភាពមកកំដរប្រពន្ធមួយរយ: ។
លោកជំទាវ ប៉ាង ដានី បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាខេត្តកំពង់ចាម និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាខេត្តកំពង់ចាម ជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំឲ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខាខេត្តកំពង់ចាម និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារកងទ័ពទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ម្សៅ ទឹកដោះគោ សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ១កន្ត្រក និង ថវិកាចំនួន ១,០០០,០០០រៀលផងដែរ។
បើតាមការឲ្យដឹងពី នាយកសាខាកាកបាទក្រហមខេត្តកំពង់ចាម បានបញ្ជក់ថា ភរិយាវីរ:កងទ័ពជួរមុខទាំង ២នាក់ បានមកសម្រាកនិងសម្រាលកូនដោយសុវត្ថិភាពបាន១នាក់ និងម្នាក់ទៀត កំពុងត្រៀមសម្រាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាលជាបន្ទុករបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។





.jpg)
