Tuesday, September 24, 2019

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានពានជយលាភី ចំណាត់ថ្នាក់លេខ១ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឆ្នាំ២០១៩

 នៅក្នុងឱកាសអបអរសាទរដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានពានជយលាភី ចំណាត់ថ្នាក់លេខ១ គំរូក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានប្រាប់ឲ្យមន្ត្រីសុខាភិបាល ឲ្យបន្តបំរើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងដូច្នេះនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសមិន្ទិញអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា «ការដាក់ឲ្យវិស័យសុខាភិបាលធ្វើការប្រឡង ប្រណាំងនៅក្នុងឆ្នាំ២០១៩នេះ គឺជាស្ថាប័នរដ្ឋ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើវិស័យសុខាភិបាលរបស់រដ្ឋផងដែរ»

ទន្ទឹមនឹងនេះ ការបម្រើសេវាសុខាភិបាលស្ថាប័នរដ្ឋ គឺមានការអនុគ្រោះច្រើន ដូចជា៖ សេវាផ្នែក ប.ស.ស ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋកាន់ប័ណ្ណក្រីក្រជាដើម ដែលសេវា ទាំងនេះរដ្ឋាភិបាលជាអ្នកចេញថ្លៃជំនួស។ ហេតុដូច្នេះហើយសូមឱ្យមន្ត្រីសុខាភិបាល ត្រូវខិតខំប្រឹងប្រែង បម្រើសេវាផ្នែកសុខាភិបាលនេះឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីរក្សាតំណែងជ័យលាភី ដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម កំពុងទទួលបានលេខ១ ក្នុងឆ្នាំ២០១៩នេះផងដែរ»។

ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោកវេជ្ជៈបណ្ឌិត គឹម សួរភីរុណ បានឲ្យដឹងថា ខេត្តកំពង់ចាមមានមន្ទីរពេទ្យចំនួន៤ ដែលបានទទួលជ័យលាភី ក្នុងនោះលេខ១ទូទាំងប្រទេស ចំពោះមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្រប់កម្រិត៣ (CPA3) គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រីឯមន្ទីរពេទ្យបង្អែកបាធាយផ្តល់សេវាសំណុំសកម្មភាពបង្រប់កម្រិតទី២ (CPA2) បានទទួលចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស បន្ទាប់ពីមន្ទីរពេទ្យខេត្តកោះកុង ចំពោះមន្ទីរពេទ្យបង្អែកចំការលើផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិតទី២(CPA2) ដែលបានទទួលចំណាត់ថ្នាក់ដេក៨ ក្នុងចំណោមមន្ទីរពេទ្យ១០ កម្រិតទី២ ឯមន្ទីរពេទ្យបង្អែកព្រៃឈរ បានទទួលចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមមន្ទីរពេទ្យកំរិត១ ទាំង១០។

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានឲ្យដឹងថា ជ័យលាភីខាងលើ បានមកដោយសារមន្ត្រីទាំងអស់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានការសាមគ្គីគ្នា មានការគ្រប់គ្រងដឹកនាំល្អ មន្ត្រីរាជការមានការទទួលខុសត្រូវ លើការងារបច្ចេកទេស ពិនិត្យព្យាបាល អ្នកជំងឺ ដែលទាំងអស់នេះ ស្ថិតក្រោមការផ្ដល់មតិចង្អុលបង្ហាញពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ នៅក្នុងមន្ទីរពេទ្យ និងគោលនយោបាយរបស់ក្រសួងសុខាភិបាល នូវចក្ខុវិស័យដើម្បីជួយជំរុញឲ្យវិស័យសុខាភិបាល អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីពិនិត្យព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងគុណធម៌៕













Site Search