លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទប្ញទ្ធា ប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលនឹងត្រូវបានដាក់ឲ្យចូលនិវត្តន៍តាមអាយុកំណត់ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

 ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥  មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល ក្នុងឱកាស លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទប្ញទ្ធា ប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលនឹងត្រូវបានដាក់ឲ្យចូលនិវត្តន៍តាមអាយុកំណត់ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥  ។ 

លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទប្ញទ្ធា បានមានមតិសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយបានបង្ហាញពីអារម្មណ៍រំភើប រីករាយ លាយឡំជាមួយទឹកចិត្ត ក្តុកក្តួល តាមរយៈអនុស្សាវរីយ៍ នៃការបំពេញការងារជាគ្រូពេទ្យព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមក្នុងរយៈពេល ៣២ ឆ្នាំ កន្លងមក  ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ពីជំនាន់មួយ ទៅជំនាន់មួយ រហូតមកដល់សម័យកាលនៃការដឹកនាំរបស់លោកសាស្ត្រាចារ្យ យិន ស៊ីណាត ជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើឲ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់គួរឲ្យកត់សំគាល់ ។  លោកវេជ្ជបណ្ឌិត ក៏បានមានមតិផ្តាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជំនាន់ក្រោយ ឲ្យខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ចូលរួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៅក្នុងផ្នែករបស់ខ្លួន ក៏ដូចជាមន្ត្រីរាជការទូទាំងមន្ទីរពេទ្យ ឲ្យបានល្អប្រសើរ ព្រមទាំងចូលរួមអភិវឌ្ឍន៍មន្ទីរពេទ្យឲ្យកាន់តែមានភាពរីកចម្រើន ។  លោកវេជ្ជបណ្ឌិត បានបង្ហាញពីអារម្មណ៌ពិត ផុសពីដួងចិត្ត រំលេចចេញនូវ ខ្លឹមសារ ដ៏មានអត្ថន័យ សម្រាប់ជាការលើកទឹកចិត្តដល់គ្រូពេទ្យ និងមន្ត្រីរាជការជំនាន់ក្រោយឲ្យគិតពិចារណា ដោយចែងជាអក្ខរាថា << លោកមិនមានការសោកស្តាយឡើយ ដែលបានបំពេញការងារដល់ត្រើយ ដោយបានចាប់យកអាជីព ជាគ្រូពេទ្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម >> ។

នៅក្នុងឱកាសនោះដែរថ្នាក់ដឹកនាំមន្ទីរពេទ្យ និង មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  សូមធ្វើការកោតសរសើរ និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទប្ញទ្ធា ដែលបានបំពេញការងារជាគ្រូពេទ្យព្យាបាលជំងឺ  និងបានចូលរួមអភិវឌ្ឍមន្ទីរពេទ្យ រហូតដល់ដំណាក់កាលនៃការដាក់ឲ្យចូលនិវត្តន៍តាមអាយុកំណត់នៅពេលនេះ ។  សូមគោរពជូនពរ លោកវេជ្ជបណ្ឌិត ឃាង ច័ន្ទប្ញទ្ធា និង ក្រុមគ្រួសារ  សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ  វណ្ណៈ សុខៈ  ពលៈ  កុំបី  ឃ្លាងឃ្លាតឡើយ ។












Page Menu