អបអរសាទរមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលជ័យលាភីលេខ១ (CPA3) ទូទាំងប្រទេស លើកទី២ នៅក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ។ សូមបញ្ជាក់ផងដែរថាមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ (CPA3 ) ទូទាំងប្រទេស លើកទី២ សម្រាប់ឆ្នាំ២០២៤ ហើយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមក៏ធ្លាប់ជាអង្គភាពទទូលជ័យលាភីចំណាត់ថ្នាក់លេខ១ (CPA3) ទូទាំងប្រទេសលើកទី១ ក្នុងឆ្នាំ២០១៩ ។
ក្នុងរយៈពេល៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានខិតខំ បំពេញការងារក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និង គុណភាព នៃការផ្តល់សេវា ហើយក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អនុវត្តការកែលម្អនូវរបៀបរបបនៃ ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវា សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើងស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ឆ្នាំ២០៣៥ ។
ការវិវត្តជាវិជ្ជមានគួឲ្យកត់សំគាល់នេះ ដោយសារមាន គោលនយោបាយ និងការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមអភិវឌ្ឍពីគ្រប់ភាគីពាក់ព័ន្ធនានាដូចជា អាជ្ញាធរថ្នាក់ខេត្ត ក្រុង មន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្តកំពង់ចាម គណៈគ្រប់គ្រងមន្ទីរពេទ្យ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អង្គការដៃគូពាក់ព័ន្ធ ព្រមទាំង ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ ។ ពិសេសទទួលបាន បទពិសោធន៍ល្អៗពីការប្រឡងប្រណាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលបានរៀបចំដោយ ក្រសួងមុខងារសាធារណៈ កាលពីឆ្នាំ២០១៩កន្លងមក ។
បទពិសោធន៍នៃភាពជោគជ័យនេះ គឺផ្អែកទៅលើកត្តាមួយចំនួនដូចជា៖
ភាពជាអ្នកដឹកនាំ មានទស្សនៈវិស័យ បេសកកម្ម ច្បាស់លាស់ មានសាមគ្គីភាព និង កិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យរួមជាមួយនឹងអាជ្ញាធរនិងភាគីពាក់ព័ន្ធ ការបំពេញការងាររបស់បុគ្គលិកមន្ទីរពេទ្យ ដោយបានអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនដូចមានចែងនៅក្នុងការពិពណ៌នាមុខតំណែង និង ការវាយតម្លៃ ច្បាស់លាស់ដោយផ្សារភ្ជាប់ទៅនឹងការលើកទឹកចិត្តដែលកើតចេញពីបទពិសោធន៍នៃការ អនុវត្តន៍ យន្តការនៃការវាយតម្លៃផ្អែកទៅលើស្នាដៃការងារ មានការសម្រេចចិត្តប្រកបដោយទំនុកចិត្តខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលពាក់ព័ន្ធនឹងការកសាងកិត្តិយស លទ្ធផលសម្រេចបាន ការកសាងទំនុកចិត្តជូនប្រជាជន ឆន្ទៈចូលរួម ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងមន្ទីរពេទ្យ និងបុគ្គលិកគ្រប់កម្រិត ការកែលម្អរបៀបរបបនៃការគ្រប់គ្រង ដោយបានកំណត់អំពីលំហូរ និងនីតិវិធី នៃការ ផ្តល់សេវាមានភាពច្បាស់លាស់ និងសុក្រឹតភាព ព្រមទាំងមានការគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ការកំណត់នូវយន្តការ និងនីតិវិធីច្បាស់លាស់ក្នុងការទទួល និង ដោះស្រាយបញ្ហា ប្រឈម និង ការលំបាកនានារបស់ប្រជាពលរដ្ឋ និង សហគមន៍ ការកសាងនូវទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ព្រះសង្ឃ សហគមន៍ និង ដែគូអភិវឌ្ឍពាក់ព័ន្ធ គំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ បង្កើតទំនាក់ទំនងល្អ ក្នុងការទាក់ទាញការគាំទ្រពី អាជ្ញាធរ ដែនដីគ្រប់ដំដាប់ថ្នាក់ និង ដៃគូពាក់ព័ន្ធដើម្បីអភិវឌ្ឍមន្ទីរពេទ្យ ។
ទោះបីយ៉ាងណាក៏ដោយ ការវិវត្តនៅក្នុងសង្គមមានការផ្លាស់ប្តូរ និងប្រែប្រួលយ៉ាង ឆាប់រហ័ស ដែលទាមទារឱ្យអ្នកដឹកនាំ និងអ្នកអនុវត្តទាំងអស់ ត្រូវរៀនសូត្រពីបទពិសោធន៍ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងឡាយ ដើម្បីរៀបចំកែលម្អអង្គភាព និងរបៀបរបបនៃការដឹកនាំ និង ការគ្រប់គ្រងការងាររបស់ខ្លួនឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង សំដៅឈានទៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងអង្គភាព ព្រមទាំងឆ្លើយតបឲ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពចំពោះសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងសហគមន៍ ។
ជារួម កត្តាជោគជ័យដែលបានទទួលបាននៅពេលនេះ គឺទទួលបានដោយសារមានការយកចិត្តទុកដាក់និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសហគមន៍ផងដែរ ហើយភាពជោគជ័យនេះនឹងក្លាយទៅជាមេរៀន បទពិសោធន៍ ក្នុងការដឹកនាំ និងគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៅតាមអង្គភាពដែលមានកម្រិតប្រហាក់ ប្រហែលគ្នា ក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ជាត្រីវិស័យក្នុងការកែលម្អ ការគ្រប់គ្រង ព្រមទាំង ការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត នាពេលបច្ចុប្បន្ន និងទៅអនាគត ផងដែរ ។










.jpg)

























