ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរួមជាមួយគណៈប្រតិភូជាថ្នាក់គ្រប់គ្រងមន្ទីរពេទ្យបង្អែកជ័យលាភីជាច្រើនរូបទៀត បានចូលរួមធ្វើទស្សនកិច្ចសិក្សាស្តីពីឧត្តមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រងនិងការ ផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីទស្សនកិច្ចសិក្សាត្រូវបានរៀបចំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការពីរដ្ឋបាលមុខងារសាធារណៈជាតិ និងគណៈកម្មការសុខភាពជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ។
កម្មវិធីដំណើរទស្សនកិច្ចសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលមូលដ្ឋាន តាមរយៈការផ្តល់ឱកាសជូន អ្នកគ្រប់គ្រងមន្ទីរពេទ្យបង្អែកជ័យលាភីបានសិក្សាស្វែងយល់ និងយកមកអនុវត្ត ព្រមទាំងចែករំលែក បទពិសោធស្តីពីឧត្តមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យ មូលដ្ឋាននៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយផ្តោតលើ ការរៀបចំ ការដឹកនាំអនុវត្ត និងការអនុវត្តគោលនយោបាយពង្រឹងគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាមូលដ្ឋានរបស់មន្ទីរពេទ្យបង្អែកជាពិសេសផ្តោតលើ៖ ១.) ការរៀបចំនិងអនុវត្តការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលមន្ទីរពេទ្យ និងសេវាជួរមុខ ២.) ការផ្តល់សេវាបច្ចេកទេសសុខាភិបាល ៣.)ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងអង្គភាព ៣.)ការគ្រប់គ្រងធនធានមនុស្សក្នុងអង្គភាព ៤.)ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព ៥.)ការកសាងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធ និងការលើកកម្ពស់ការពេញចិត្តរបស់អតិថិជន ៦.)ការអនុវត្តនវានុវត្តន៍ដើម្បីកែលម្អការគ្រប់គ្រងនិងការផ្តល់សេវារបស់មន្ទីរពេទ្យ ។
សមាសភាពគណៈប្រតិភូចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាមាន គណៈកម្មការបច្ចេកទេសអន្តរក្រសួងក្នុងវិស័យសុខាភិបាល និង ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត CPA1, CPA2, CPA3 សរុបរួមមានចំនួន ៤៥រូប ដែលដឹកនាំដោយឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ។
នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម តំណាងឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់កម្រិត នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្អាញ ស្តីអំពីបច្ចុប្បន្នភាពនៃការផ្តល់សេវារបស់មន្ទីរពេទ្យគ្រប់កម្រិតជូនដល់ភាគីមិត្តចិន បានជ្រាប និងបានភិភាក្សាគ្នាយ៉ាងផុសផុល ព្រមទាំងបានធ្វើការបូកសរុបជូនភាគីមិត្តចិន ហើយបានឯកភាពលើសំណូមពររបស់ភាគីគណៈប្រតិភូកម្ពុជាដែលបានលើកឡើង ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកជ័យលាភីនៅពេលនេះ និងសូមអរគុណដល់ភាគីមិត្តចិនដែលបានរៀបចំទទួល និងផ្តល់ឱកាសដល់ក្រុមប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាស្វែងយល់ការផ្តល់សេវាសុខាភិបាលរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យលាភីនៅពេលនេះ ។