Blog Page

ប្រវត្តិមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ត្រូវបានកសាងឡើងក្នុងអំឡុង ឆ្នាំ១៩៣០ នៅក្នុងសម័យកាល ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំង ហើយដែលពេលនោះមន្ទីរពេទ្យនេះមានឈ្មោះថា «មន្ទីរពេទ្យខេត្តកំពង់ចាម»។ កាលពីចាប់ផ្តើមដំបូង មន្ទីរពេទ្យនេះមានអគារ ចំនួន៦ ។ ក្រោយៗមក អគារថ្មីមួយចំនួនត្រូវបានសាងសង់ឡើងដើម្បីជំនួសអគារចាស់ៗ មួយចំនួនដែលចាស់ទ្រុឌទ្រោមមិនអាច ប្រើប្រាស់បាន។ រហូតមកឆ្នាំ២០២៤នេះ មន្ទីរពេទ្យនៅសល់តែអគារចាស់មួយប៉ុណ្ណោះដែលនៅជា ភស្តុតាង គឺអគារជំងឺឆ្លង ដែលបច្ចុប្បន្នបាននិងកំពុងកែលម្អដើម្បីពង្រីកទៅជាផ្នែកសម្ភពនិងរោគស្ត្រី ។

នៅសម័យសង្គមរាស្ត្រនិយម មន្ទីរពេទ្យទទួលបានអគារចំនួន៤បន្ថែមទៀត។ អគារ១ ក្នុងចំណោមអគារអស់ទាំងនោះ គឺជាជំនួយរបស់ប្រទេសប៉ូឡូញ ដោយប្រើជាអគារសម្រាប់ ផ្នែកវះកាត់ ដែលបច្ចុប្បន្ននៅមានវត្តមាននៅឡើយ។ នៅឆ្នាំ២០០៨ អគារសាលារៀនសម្រាប់បណ្តុះបណ្តាលមន្ត្រី សុខាភិបាល ត្រូវបានប្តូរទៅនៅជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគវិញ ហើយអគារនេះត្រូវបានរុះរើដើម្បីសាងសង់អគារដាក់អ្នកជំងឺដែលផ្តល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ( Japan International Cooperation Agency: JICA ) ។ នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ មន្ទីរពេទ្យនេះត្រូវបានប្រើប្រាស់ ធ្វើជាមន្ទីរពេទ្យសម្រាប់បម្រើឱ្យភូមិភាគ៣ ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មន្ទីរពេទ្យនេះត្រូវបានបើកទ្វារឱ្យដំណើរការ ឡើងវិញនៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺជាមន្ទីរពេទ្យខេត្តទី២ បន្ទាប់ពីមន្ទីរពេទ្យខេត្ត ទី១ នៅឃុំសួង ស្រុកត្បូងឃ្មុំ(បច្ចុប្បន្នក្រុងសួង) ដែលបានបើកទ្វារនៅថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ នៅក្នុងកិច្ចដំណើរការរបស់ខ្លួន មន្ទីរពេទ្យបានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស ទាំងសម្ភារពីកងទ័ពនៃសាធារណៈរដ្ឋសង្គម និយមវៀតណាមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ និងជំនួយបច្ចេកទេសពីសាធារណៈរដ្ឋប៉ូឡូញពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១។ បន្ទាប់មកទៀតមន្ទីរពេទ្យក៏បានទទួលការឧបត្ថម្ភគាំទ្រលើផ្នែកសម្ភារនិងបច្ចេកទេស ពីអង្គការកាកបាទក្រហមអន្តជាតិនៃប្រទេសស្វីសពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ១៩៨៥ ។

នៅឆ្នាំ១៩៨៦ អគារជំងឺកុមារ ត្រូវបានកសាងឡើង ក្រោមការឧបត្ថម្ភ និងគាំទ្រពី សម្តេចឧត្តម ទេពញ្ញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ។ បន្ទាប់មកទៀត អគារជំងឺទូទៅក៏បានកសាងហើយរួចរាល់នៅ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩១។ អគារនេះក៏ជាគំនិតផ្តួចផ្តើម និងការជួយ ឧបត្ថម្ភពី សម្តេចឧត្តម ទេពញ្ញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ហើយអគារនេះបានសាងសង់ លើអគារចាស់ដែលជាកេរ្តិ៍ដំណែលរបស់អាណានិគមបារាំង។ ក្រោយមកទៀត នៅឆ្នាំ១៩៩៨ សម្តេចឧត្តម ទេពញ្ញាណ ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ក៏បានសាងសង់អគារ១ទៀតសម្រាប់ព្យាបាល សុខភាពមាត់ធ្មេញ ច្រមុះ ត្រចៀក និងបំពង់ក ។

បន្ទាប់មកទៀត មន្ទីរពេទ្យបានទទួលការឧបត្ថម្ភគាំទ្រពីអង្គការគ្រូពេទ្យគ្មានព្រំដែន បារំាងពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ១៩៩៤ ហើយបានបន្តជួយលើផ្នែករបេងរហូតដល់ឆ្នាំ ១៩៩៩ និងបានសាងសង់អគាររបេងមួយ ដែលធ្វើពីឈើប្រក់ស៊ីប្រូស៊ីម៉ង់ត៍សម្រាប់មន្ទីរពេទ្យ។ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ អង្គការកិច្ចសហប្រតិបត្តិការបច្ចេកទេសបែលហ្ស៊ិក (Belgium Technical Cooperation: BTC) ក៏បានចូលរួមក្នុងការកសាងហេដ្ឋារចសម្ព័ន្ធ សម្រាប់មន្ទីរពេទ្យផងដែរ មានជាអាទិ៍ ការចាក់សាបផ្លូវនៅមុខអគារជំងឺកុមារ ការកសាងសួនកុមារ អគារឃ្លាំងឱសថ និងបង្គន់អនាម័យជាដើម ។ ជាមួយគ្នាដែរ អង្គការនេះបានបន្តជួយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមសម្រាប់អ្នកជំងឺអេដស៍ ។

នៅមុនឆ្នាំ២០០៨ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ចាម-កំពង់សៀម ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ មន្ទីរពេទ្យនេះបានស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរសុខាភិបាលដោយមានឈ្មោះជាមន្ទីរពេទ្យខេត្តកំពង់ចាម ដែលអនុវត្តសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។ នៅពេលនោះមន្ទីរពេទ្យបាន ផ្តល់នូវសេវាជូនអតិថិជនតាមសេចក្តីណែនាំស្តីពី សំណុំសកម្មភាពបង្គប់សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យរបស់ក្រសួងសុខាភិបាលមានដូចជា: ១)ផ្នែកវះកាត់ ២)ផ្នែកជំងឺទូទៅនិងសង្គ្រោះបន្ទាន់ ៣) ផ្នែកជំងឺទឹកនោមផ្អែម ៤)ផ្នែកជំងឺ ឆ្លង ៥)ផ្នែកជំងឺរបេង ៦)ផ្នែកជំងឺឃ្លង់ ៧) ផ្នែកជំងឺកុមារ ៨) ផ្នែកសម្ភពនិងរោគស្ត្រី ៩) ផ្នែកជំងឺច្រមុះ ត្រចៀក និងបំពង់ក ១០)ផ្នែកសុខភាពមាត់ធ្មេញ ១១)ផ្នែកសុខភាពផ្លូវចិត្ត ១២)ផ្នែកចក្ខុរោគ ១៣)ផ្នែកមន្ទីរពិសោធន៏ ១៤) ផ្នែកផ្តល់ឈាម និង ១៥)ផ្នែកថតឆ្លុះ (កាំរស្មីអ៊ិច ស្កានែ អេកូ និង ផ្នែកឆ្លុះក្រពះ)។

សកម្មភាពរបស់មន្ទីរពេទ្យមានការកើនឡើងជាលំដាប់ទៅតាមបណ្តាឆ្នាំ ជាពិសេស កំណើន គួរឱ្យកត់សំគាល់គឺក្នុងអំឡុងពេលដែលមន្ទីរពេទ្យអនុវត្តមូលនិធិសមធម៌ ដោយ មានការសហការជាមួយអង្គការ BTC។ នៅឆ្នាំ២០០៨ អ្នកជំងឺចូលមកសំរាកព្យាបាលជា មធ្យមប្រចាំខែមានប្រហែលពី៩០០ ទៅ១១០០ នាក់ ដែលអត្រាប្រើប្រាស់គ្រែស្ទើរតែ១០០ ភាគរយ។ អ្នកជំងឺសំរាកជាមធ្យមប្រចាំថ្ងៃមាន ពី២៥០ ទៅ២៧០នាក់។ ចំនួននេះបើ ប្រៀបធៀបទៅបណ្តាឆ្នាំមុនៗ មានការកើនឡើងយ៉ាងច្រើន ជាពិសេសមុនឆ្នាំ១៩៩៩ អ្នក ជំងឺសំរាកជាមធ្យមប្រចាំថ្ងៃមានមិនដល់១០០នាក់ ក្នុង១ថ្ងៃ ហើយអត្រា ប្រើប្រាស់គ្រែពេលនោះមានមិនដល់៥០ ភាគរយ ។

ដោយពិនិត្យឃើញសកម្មភាពចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅ មួយឆ្នាំ និងរួមផ្សំអគារសំរាកព្យាបាលចាស់ទ្រុឌទ្រោមស្ទើរប្រើការលែងកើតផងនោះ ទើបក្រសួងសុខាភិបាល និង មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការសហការ ជាមួយអង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន មានការចាប់អារម្មណ៍ និងសម្រេចចិត្តផ្តល់ នូវអគារចំនួន២ គឺអគារដាក់អ្នកជំងឺវះកាត់ អ្នកជំងឺសម្ភពនិងរោគស្ត្រី និងអគារសង្គ្រោះបន្ទាន់វះកាត់ ក្រោយវះកាត់ សល្យាគារ និងផ្នែកថតឆ្លុះ។ អគារទាំង២បានដំណើរការ សាងសង់នៅឆ្នាំ២០០៨ និងបានសម្ពោធដាក់ឱ្យដំណើរការនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

នៅឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានបង្កើតនិងដាក់ឱ្យដំណើរការទីភ្នាក់ងារប្រតិបត្តិការ ពិសេសនៃក្រសួងសុខាភិបាលចំនួន៣០ ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្តចំនួន៨ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន២២ ។ ក្នុងចំណោមមន្ទីរពេទ្យបង្អែកខេត្តទាំង៨នោះ មានមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាមផងដែរ។

ក្រោយមកទៀតនៅឆ្នាំ២០១៥មានអគារចំនួន៣ទៀត(អគារមណ្ឌលផ្តល់ឈាម អគារមន្ទីរពិសោធ៍ និងអគាររបេងធ្វើពីបេតុងប្រក់ក្បឿង) ក៏ត្រូវបានសាងសង់ក្រោមការ ឧបត្ថម្ភដោយអង្គការ US PACON; NAMRU II និង MSFបារាំង ដែលបានសម្ពោធដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១ ៦ ។

ជាបន្តបន្ទាប់ មន្ទីរពេទ្យក៏ទទួលបានការគាំទ្រពីអង្គការ និង ដៃគូមួយចំនួនទៀត រួមមាន៖ ១)អង្គការ MSF បារាំង ជួយលើផ្នែកជំងឺអេដស៍ ២)អង្គការ IRIS ជួយលើផ្នែក ជំងឺភ្នែក ៣)អង្គការ MICADO ជួយលើផ្នែកស្រាវជ្រាវជំងឺមហារីកមាត់ស្បូន ៤) អង្គការ DOULEUR SANS FRONTIERE ជួយលើឱសថព្យាបាលសំរន់ការឈឺចាប់ ៥)មន្ទីរពេទ្យដៃគូមកពី ប្រទេសបារាំង មានមន្ទីរពេទ្យ SAINT BRIEUC និងមន្ទីរពេទ្យ AVICENNES Bordaux, Valance (ចងក្រងជាសមាគមមកជួយដល់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយផ្តោតលើការវះកាត់ប្តូរសន្លាក់ឆ្អឹងត្រគាក) បានជួយ ជាសម្ភារៈមួយចំនួន និងជួយលើផ្នែកបច្ចេកទេស ៦)អង្គការ JICA បានជួយជាសម្ភារៈ មួយចំនួនធំសម្រាប់ផ្នែកពិសោធន៍ និងអ្នកស្ម័គ្រចិត្តម្នាក់ផងដែរ ៧) អង្គការ CIOMAL បានជួយលើឱសថ និងប្រាក់លើកទឹកចិត្តសម្រាប់ផ្នែកជំងឺឃ្លង់ ៨)អង្គការសុខភាពពិភពលោក (WHO) បានជួយធ្វើការបណ្តុះបណ្តាលបុគ្គលិក ៩)មូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) បានជួយជួសជុលអគារសម្រាប់ថែទាំអេដស៍កុមារ ១០)អង្គការ URC បានជួយជួសជុលអគារសម្រាប់ជំងឺផ្ដាសាយបក្សី និងបំពាក់សម្ភារមួយចំនួនធំ ១១)អង្គការBTC ដែលជាអង្គការដៃគូដ៏ធំរបស់មន្ទីរពេទ្យបានជួយដល់មន្ទីរពេទ្យយ៉ាងច្រើន លើផ្នែកមូលនិធិសមធម៌ ប្រាក់លើកទឹកចិត្តបុគ្គលិក ឱសថ អាហារអ្នកជំងឺ សម្ភារបរិក្ខារ និងអគារជាដើម ១២)ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Korea International Cooperation Agency: KOICA) បានជួយផ្ដល់អ្នកស្ម័គ្រចិត្តមួយចំនួន និងជួយបំពាក់ សម្ភារសម្រាប់ មន្ទីរពេទ្យ មានដូចជា ឧបករណ៍ឆ្លុះក្រពះមួយសម្រាប់ និងសម្ភារសម្រាប់ផ្នែកថែទាំទារក។

នៅពេលបច្ចុប្បន្ននេះ មានអង្គការដៃគូចំនួន១១ដែលកំពុងបំពេញបេសកកម្មនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមមាន៖ ១)អង្គការ JICA ២)អង្គការ NANUN International ៣)មូលនិធិប្រជាជនរបស់ អង្គការសហប្រជាជាតិ (United Nation Population Fund: UNFPA) ៤) មូលនិធិជំនួយសុខភាព (Aids Healthcare Foundation: AHF) ៥)អង្គការ សកម្មភាពសុខុមាលភាពស្ត្រីកម្ពុជា (Kampuchea Women's Welfare Action: KWWA) ៦)អង្គការគ្រឹស្តបរិសុទ្ធនៃថ្ងៃចុងក្រោយ (Last Day Saint Charities: LDSC) ៧)កម្មវិធី អភិវឌ្ឍន៍ការធ្វើរោគវិនិច្ឆ័យមីក្រូជីវសាស្ត្រ (Diagnosis Microbiology Development Program: DMDP) ៨)ផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រកងទ័ពជើងទឹកទី២ (Naval Medical Research Unit 2: NAMRU-2) ៩)ទីភ្នាក់ងារសហប្រត្តិការអន្តរជាតិអាល្លឺម៉ង់(German Agency for International Cooperation: GIZ) ១០) គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមកម្ពុជា(International Committee of Red Cross Cambodia: ICRC) និង ១១) អង្គការ NEXTSTEP ១២) USAID (EQUA-FHI 360 ) ១៣) UNFPA, UNOP … ។












Page Menu