ពិធីអបអរសាទរ និងដង្ហែពានជ័យលាភី មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម អង្គភាពសុខាភិបាលផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA៣) ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៤

 


នាព្រឹកថ្ងៃថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធ បានរៀបចំពិធីអបអរសាទរ និងដង្ហែពានជ័យលាភី របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរពេទ្យបង្អែក និងមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម យ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសរំភើប និងសប្បាយរីករាយ ។

ពិធីអបអរសាទរនិងដង្ហែរពានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ នៅពេលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍន៍មន្ទីរពេទ្យ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋរបស់អង្គភាពជ័យលាភីទាំង៤ ប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ។

នេះ គឺជាទិវាប្រកបដោយអត្ថន័យជ្រាលជ្រៅ និងមានកិត្តិយសដ៏ថ្លៃថ្លា ដែលរដ្ឋបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានអំណរសាទរក្រៃលែង ដែលបានរៀបចំពិធីអបអរសាទរនិងដង្ហែរពានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ។

បន្ទាប់ពីបានទទួលការវាយតម្លៃ ដែលបានអនុវត្តប្រកបដោយសុក្រឹតភាព ចរិតភាព និងការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់ សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ជាច្រើនដំណាក់កាលរួចមក រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រិត្យ លេខ២៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ សម្រាប់ខេត្តកំពង់ចាមមាន៖ ១.) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងចំណោមមន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ៣ ( CPA3 )ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ២). មន្ទីរពេទ្យបង្អែកបាធាយជាប់ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស ក្នុងចំណោមមន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ២ ( CPA2 ) ៣).មន្ទីរពេទ្យបង្អែកចំការលើ ជាប់ចំណាត់ថ្នាក់លេខ៨ ទូទាំងប្រទេស ក្នុងចំណោមមន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ២ ( CPA2 ) ៤.) មន្ទីរពេទ្យបង្អែកព្រៃឈរ ជាប់ចំណាត់ថ្នាក់លេខ៩ ទាំងប្រទេស ក្នុងចំណោមមន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ១ ( CPA1 ) ។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្ដកំពង់ចាម និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ក៏បានរៀបចំពិធីអបអរសាទរនិងដង្ហែរពានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០១៩ ដែលជ័យលាភីនៅពេលនោះមាន៖ ១). មន្ទីរពេទ្យខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងចំណោម មន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ៣( CPA3 ) ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩ ២). មន្ទីរពេទ្យបង្អែកបាធាយជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ក្នុងចំណោមមន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ២ ( CPA2 )
៣). មន្ទីរពេទ្យបង្អែកចំការលើ ជាប់ចំណាត់ថ្នាក់លេខ៨ ទូទាំងប្រទេស ក្នុងចំណោម មន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ២ ( CPA2 ) ៤). មន្ទីរពេទ្យបង្អែកព្រៃឈរ ជាប់ចំណាត់ថ្នាក់លេខ៣ ទាំងប្រទេស ក្នុងចំណោម មន្ទីរពេទ្យផ្តល់សំណុំសកម្មភាពបង្រ្គប់កំរិត ១ ( CPA1 ) ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍ ផងដែរ ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សា នូវចំណុចល្អៗដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤ នេះ ពោលគឺ គ្រប់គ្រងខ្សែក្រវ៉ាត់នេះឲ្យបាន ដោយផ្អែកទៅលើការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត នាពេលបច្ចុប្បន្ន និងទៅអនាគត ។

ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន ទាំងហេដ្ឋារចនាសម្ព័ន្ធ និង គុណភាព នៃការផ្តល់សេវា ។ មន្ទីរពេទ្យបង្អែកខេត្តនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អនុវត្តការកែលម្អនូវរបៀបរបបនៃ ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវា សុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ឆ្នាំ២០៣៥ ៕




















Page Menu