ទស្សនៈកិច្ចសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត

 


ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានដឹកនាំ ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចុះធ្វើទស្សនៈកិច្ចសិក្សា ស្វែងយល់ពីដំណើរការ ការងាគ្រប់គ្រង និងដឹកនាំ តាមការិយាល័យ និងផ្នែកជំនាញបច្ចេកទេសនានារបស់មន្ទីរពេទ្យកាល់ម៉ែត ។

យោងលិខិតលេខ ០០០១ ស.អបស.សសរ. ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ស្ដីពីសេចក្តីសម្រេច ស្ដីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យថ្នាក់ជាតិជាមួយមន្ទីរពេទ្យបង្អែករាជធានីខេត្ត ដែលជាគំនិតផ្តួចផ្តើម របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល  មន្ទីរពេទ្យកាល់ម៉ែតបានចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរពេទ្យចំនួន០៣  រួមមានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

ការចងសម្ព័ន្ធមេត្រីភាពនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីជួយពង្រឹងនិងលើកកម្ពស់ គុណភាពសេវាពិនិត្យព្យាបាល និងថែទាំនៃសេវាសុខាភិបាលគ្រប់កម្រិត ។

សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅធ្វើយ៉ាងណា ជួយឱ្យដៃគូមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពទទួលបាននូវការបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ឱ្យបានកាន់តែប្រសើរ ប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្នុងតំបន់ ។


















Page Menu