ព្រឹកថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានរៀបចំកម្មវិធីប្រជុំក្រោមការសម្របសម្រួល របស់លោក សាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
កម្មវិធីប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ព័ត៌មានត្រឡប់ស្តីពីវឌ្ឍនភាពនៃការចូលរួមធ្វើបទបង្ហាញ ក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល កន្លងមក ។
លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបានជម្រាបជូន ដល់សមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល អំពីដំណើរការជាវិជ្ជមាន នៃការចូលរួមធ្វើ បទបង្ហាញស្តីអំពីការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល(CPA3) ឆ្នាំ ២០២៤ រួមទាំងការចូលរួមផ្តល់ចម្លើយ ចំពោះគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ. ផងដែរ ។
នៅក្នុងឱកាសនោះដែរ លោកប្រធានក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពេទ្យទាំងអស់ឲ្យបន្តថែរក្សានូវរាល់សមិទ្ធិផល ទាំងឡាយដែលបានខិតខំរៀបចំនាពេលកន្លងមកឲ្យមានស្ថេរភាព និងខិតខំប្រឹងប្រឹងរួមគ្នា ដើម្បីអភិវឌ្ឍមន្ទីរពេទ្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និង សុវត្ថិភាព ជាបន្តទៀត ក្រោមពាក្យស្លោក “មន្ទីរពេទ្យផ្តល់សេវាល្អ ជាក្តីត្រេកអររបស់ប្រជាជន” ។












