ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត អញ្ជើញចុះទស្សនកិច្ច នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

យោងសេចក្តីសម្រេច លេខ ០០០១ សអបស.សសរ របស់ក្រសួងសុខាភិបាល ស្តីពីការរៀបចំ ចងសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ចុះថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២៥ ដែលជាការចង្អុលបង្ហាញរបស់ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ និងអភិវឌ្ឍសមត្ថភាព ផ្តល់សេវាថែទាំសុខភាពជូនប្រជាជនឲ្យកាន់តែមានភាពឆ្លើយតប ប្រកបដោយគុណភាព និង សមធម៌ នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូ អញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញចុះទស្សនកិច្ច នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដើម្បីធ្វើការប៉ាន់ ប្រមាណ ពីតម្រូវការ នៃបណ្តុះបណ្តាល ( Training Need Assessment ) ធនធានមនុស្ស របស់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឲ្យកាន់តែមានកម្រិតជំនាញខ្ពស់ ដោយផ្តើចេញពីការសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃការងារគ្រប់គ្រង និង ដឹកនាំមន្ទីរពេទ្យ ព្រមទាំងសិក្សាពីបញ្ហាប្រឈមនានា ដើម្បីធ្វើការវិភាគនិងរៀបចំផែនការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនាពេល ខាងមុខ 

គណៈប្រតិភូអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម  លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ចាម  លោក វេជ្ជបណ្ឌិត ហៃ រ៉ា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល លោក ឱសថការី ប៊ី បូរ៉ាឌី ប្រធានការិយាល័យ និយ័តកម្ម នៃមន្ទីរសុខាភិបាល  លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំង លោក លោកស្រី ប្រធានផ្នែក អនុប្រធានផ្នែក និងគ្រូពេទ្យព្យាបាលជំងឺមួយចំនួនទៀតផងដែរ ។

គណៈប្រតិភូបានចុះទស្សនកិច្ចដោយផ្ទាល់នៅតាមផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យ ពិគ្រោះ និងបែងចែកជំងឺ ផ្នែកសម្ភព និងថែទាំទារក ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្ត្រ ផ្នែកអេកូសាស្ត្រ ផ្នែកសល្យាគារ ផ្នែកឱសថស្ថាន ផ្នែករដ្ឋបាល ផ្នែកបច្ចេកទេស និងផ្នែកគណនេយ្យ

បន្ទាប់ពីបានចុះទស្សនកិច្ចដោយផ្ទាល់នៅតាមផ្នែកនានារួចមក ឯកឧត្តម វេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបានធ្វើរបាយការណ៍ជូនគណៈប្រតិភូអំពីស្ថាន ភាពមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមព្រមទាំងបានបញ្ជាក់ថាការចងសម្ព័ន្ធភាពរវាងមន្ទីរពេទ្យកាល់ម៉ែត ជាមួយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅពេលនេះពិជាមានសារៈសំខាន់ណាស់ ក្នុង    ការផ្លាស់ប្តូរនូវ បទពិសោធន៍ល្អៗ តាមរយៈនូវការចែករំលែកនូវធនធានផ្សេងៗ និងចំណេះដឹងថ្មីៗ ។    ការបណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់ក្នុងការបង្កើនសមត្ថភាពបច្ចេកទេសដល់មន្ត្រីសុខា ភិបាលឲ្យមានគុណភាពខ្ពស់ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការពិនិត្យនិងការព្យាបាលជំងឺធ្វើឲ្យប្រជា ជនមានជំនឿទុកចិត្តចំពោះវិស័យសុខាភិបាលព្រមទាំងការផ្តល់ជូននូវសេវាប្រកបដោយគុណភាព និងសមធម៌ ។

នៅក្នុងនោះដែរលោកកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើបទបង្ហាញជូនគណៈប្រតិភូនៃមន្ទីរពេទ្យកាល់ម៉ែត ដោយផ្តោតលើចំណុចគន្លឹះសំខាន់ៗ រួមមាន៖ ១).​ស្ថានភាពទូទៅនៃមន្ទីរពេទ្យ ២). សកម្មភាពនៃការផ្តល់សេវា ៣). ស្ថានភាពធនធានមនុស្សដែលកំពុង បម្រើការងារនៅក្នុងមន្ទីរពេទ្យ ៤). ផែនការយុទ្ធសាស្ត្រ ៥). បញ្ហាប្រឈមនានា ព្រមទាំងបានបង្ហាញ ពីគោលបំណងទៅអនាគត់ ដើម្បីក្លាយខ្លួនទៅជាមន្ទីរពេទ្យតំបន់ និងជាមន្ទីរពេទ្យផ្តល់សេវាសាធារណៈ រដ្ឋបាល ដែលនឹងមានសមត្ថភាពបំរើសេវាកំរិតខ្ពស់ជូនប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញ ថ្លែងសន្តរកថា បើកសម្ភោធជាផ្លូវការ នៃការងារចំណងសម្ព័ន្ធមេត្រីភាព រវាងមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការចង្អុលបង្ហាញ និងការគិតគូរ ពីសំណាក់ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយបានធ្វើការវាយតម្លៃខ្ពស់ និង កោតសរសើរដល់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង មន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការបម្រើនូវសេវាសុខាភិបាលបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។បើយោងតាមការរាយការណ៍របស់ក្រុមការងារដែលបានចុះពិនិត្យជាក់ស្តែងនៅតាមផ្នែក ឯកឧត្តមអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចែករំលែកចំណេះដឹងថ្មីៗបន្ថែមដល់ធនធានមនុស្សរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលមានស្រាប់ ទៅតាម តម្រូវការ ហើយនឹងចាប់ផ្តើមដំណើរការបន្ទាប់ពី ក្រុមការងារធ្វើការពិភាក្សា និង សិក្សាពីបរិមាណ នៃការបណ្តុះបណ្តាល និងរៀបចំផែនការរួចរាល់ ។

សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែកនិងមណ្ឌលសុខភាពតាមបណ្តាខេត្តជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ធ្វើការចង សម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗជាដើម។







































































































Page Menu