សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤

ព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ.។

សិក្ខាសាលាត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាលអង្គភាពផ្សេងៗទៀត ដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ។ សិក្ខាសាលានាថ្ងៃនេះ ជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលគ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅថ្ងៃបន្ទាប់ ។

សិក្ខាសាលាចែករំលែកបទពិសោធនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយក នាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធានមន្ទីរពេទ្យបង្អែក ព្រមទាំងសមាជិក សមាជិកាជាសិក្ខាកាមសរុបចំនួនប្រមាណ ២០០០នាក់ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា«ចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤»។

មានប្រសាសន៍ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតារនៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅ ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀននិងមន្ទីរពេទ្យនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមនៃការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលផ្តោតលើកម្រិត វិទ្យាល័យ និងសាលាមត្តេយ្យសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។

ឯកឧត្តម ឆាយ ឆត្រាវុធ បានបញ្ជាក់ថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា ដែលបានកំណត់ នៅក្នុងលក្ខណៈវិនិច្ឆ័យគោលរងនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល មានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ ។

សូមបញ្ជាក់ផងដែរថា សាលាមត្តេយ្យសិក្សា វិទ្យាល័យ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត ២ និងកម្រិត៣ ចំនួន ១០៤៧អង្គភាព បានដាក់ពាក្យចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ។ អង្គភាពទាំងអស់ត្រូវឆ្លងកាត់វាយតម្លៃថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការ ហើយក្លាយជាម្ចាស់ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ។

អង្គភាពដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានធ្វើបទបង្ហាញនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ រួមមាន៖ ១). វិទ្យាល័យពេជ្រចិន្តា
២). វិទ្យាល័យព្រែកលៀប ៣). សាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបង
៤). សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ៥). មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
៦). មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៧). មន្ទីរពេទ្យបង្អែកពារាំង ៨). មន្ទីរពេទ្យបង្អែកខេត្តកោះកុង ៩). មន្ទីរពេទ្យបង្អែកសិរីសោភ័ណ និង១០). មន្ទីរពេទ្យបង្អែកបាកាន ។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រកាសលទ្ធផលជាផ្លូវការ អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។










































Page Menu