នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតី នៅក្នុងយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់ ផ្តល់ជីវិតថ្មី » ដែលបានរៀបចំឡើង នៅមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះ ឯកឧត្ដម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ចាម បានចលនា និងដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក និងយុវជន យុវនារី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនអ្នក ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅក្នុងពិធីបុណ្យនៃក្ដីស្រឡាញ់ ថ្ងៃ១៤ កុម្ភៈ ២០២៥ យ៉ាងច្រើនកុះករ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា ឈាមពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលត្រូវការឈាម ជាចាំបាច់ ដូច្នេះយើងទាំងអស់គ្នាជាសមាជិក សមាជិកា សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តកំពង់ចាម និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះតាមរយៈ ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមកប្រើប្រាស់សេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យ បង្អែក ខេត្តកំពង់ចាមហើយត្រូវការឈាមជាចាំបាច់ សម្រាប់ជួយសង្គ្រោះអាយុជីវិត ។
ឯកឧត្ដម បានបន្តទៀតថាសម្រាប់ថ្ងៃទី១៤ កុម្ភៈ នេះជាទិវានៃក្ដីស្រឡាញ់ ដែលយុវជន យុវនារី អាចធ្វើបាន ទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ចំពោះអ្នកជាទីស្រឡាញ់របស់ខ្លួន តាមរយៈការបរិច្ចាគឈាម ដោយ ស្ម័គ្រចិត្ត ហើយក៏សូមឲ្យថ្ងៃ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំក្លាយទៅជា ទិវានៃក្ដីស្រឡាញ់សម្រាប់ យុវជន យុវនារី បង្ហាញពីអំពើល្អរបស់ខ្លួន នៅក្នុងសកម្មភាពមនុស្សធម៌ចំពោះសង្គមជាតិ តាមរយៈការបរិច្ចាគឈាម ដោយ ស្ម័គ្រចិត្ត ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានអំពាវនាវដល់ យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានបរិច្ចាគឈាមកន្លងមក សូមបន្តចូលរួមបរិច្ចាគឈាមជាបន្តទៀត រីឯយុវជន យុវនារី ដែលមិនទាន់បានចូលរួមបរិច្ចាគឈាម សូមចូលរួមបង្ហាញពីក្តីស្រលាញ់របស់ខ្លួនតាមរយៈការ បរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នា ព្រោះការបរិច្ចាគឈាម មិនមានផលប៉ះពាល់ដល់សុខភាពយើងនោះទេ ផ្ទុយទៅវិញវាមានសារៈប្រយោជន៍សម្រាប់សុខភាពយើង ព្រមទាំងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុង ត្រូវការឈាមជាចាំបាច់ដើម្បីជួយសង្គ្រោះអាយុជីវិតផងដែរ ។
សូមបញ្ជាក់ផងដែរថា ឯកឧត្ដម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម តែងតែចលនា យុវជន យុវនារី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ឲ្យចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ជាពិសេស ការចលនា យុវជន យុវនារី ឲ្យចូលរួមក្នុងសម្មភាពសង្គម តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជារៀងរាល់ឆ្នាំ ដែលបង្ហាញឲ្យឃើញនូវកាយវិការ នៃការយកចិត្តទុកដាក់ និង ទំនួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ ព្រមទាំងបានបង្ហាញពីភាពជាគំរូល្អ សម្រាប់យុវជនជំនាន់ក្រោយផងដែរ ។
រយៈពេលពេញ១ថ្ងៃ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតម៉ោង ៦:០០ នាទីល្ងាច មណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានទទួលអ្នកបរិច្ចាគឈាមបានចំនួន ១៣៨នាក់ ក្នុងនោះមានស្រ្តីមានចំនួន ៦៦នាក់ ។
មណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះការចូលរួមបរិច្ចាគឈាម របស់ យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាកាយវិការសប្បុរសធម៌ ដ៏ល្អប្រពៃក្នុងថ្ងៃបុណ្យ នៃក្ដីស្រឡាញ់ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តី ស្រលាញ់ ហូរចេញពី បេះដូង យ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។




























