រសៀលថ្ងៃសុក្រ ៣ កើត
ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម
វេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល
និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យ យិន ស៊ីណាត
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមជាមួយលោកឱសថការី ប៊ី បូរ៉ាឌី ប្រធានការិយាល័យនិយ័តកម្មមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោកសាស្ត្រាចារ្យ ជំនួយ ថាន់ សុវណ្ណដេត
អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានដឹកនាំក្រុមការងាររៀបចំមន្ទីរពេទ្យ
ចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
និង ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ។
គោលបំណងនៃជំនួបនេះគឺដើម្បីធ្វើបទបង្ហាញស្តីអំពីការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម(CPA3) ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាព
ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល(CPA3) ឆ្នាំ ២០២៤ ជូនឯកឧត្តមអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីទទួលជ្រាបជាព័ត៌មាន ព្រមទាំងស្នើសុំអនុសាសន៍បន្ថែមមួយចំនួនពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដើម្បីត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយក្នុងការចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ។
បន្ទាប់ពីបានពិនិត្យមើលការធ្វើបទបង្ហាញរបស់លោកសាស្ត្រាចារ្យ យិន ស៊ីណាត រួចមក ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានផ្តល់អនុសាសន៍ដល់លោក សាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមមួយចំនួនរួមមាន៖ ១). ត្រូវថែទាំសុខភាពឲ្យបានល្អចំពោះអ្នកត្រូវធ្វើបទបង្ហាញ និងជ្រើសរើសអ្នកត្រៀមសម្រាប់ធ្វើបទបង្ហាញ ២). ត្រូវពិនិត្យមើលស្លាយឡើងវិញ និងរៀបចំឲ្យបានសមស្របទៅតាមពេលវេលាដែលគណៈកម្មការវាយតម្លៃផ្តល់ជូន ៣). ត្រូវសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងឲ្យបានគ្រប់ជ្រុងជ្រោយ ៤). រៀបចំឥរិយាបទឲ្យបានសមរម្យ និង ធ្វើការបង្ហាញឲ្យបានល្អប្រកបដោយគុណភាព ៥). ពិនិត្យនិងកែសម្រួលពាក្យស្លោកបន្ថែមឲ្យមានន័យគ្រប់គ្រាន់សម្រាប់ប្រជាជនទួទៅ ។
ជាចុងក្រោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានជូនពរឲ្យក្រុមការងារនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមមានសុខភាពល្អ ព្រមទាំងទទួលបានជោគជ័យនៅក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ផងដែរ ។






















