អបអរសាទរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានលទ្ធផលជាប់ TOP 10 នៃការប្រឡងប្រណាំងមន្ទីរពេទ្យផ្តល់សេវាគំរូឆ្នាំ២០២៤

 






អបអរសាទរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានលទ្ធផលជាប់ TOP 10 នៃការវាយតម្លៃជ្រើសសម្រាំងបេក្ខជនជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ វិស័យសុខាភិបាល ដែលបានចូលរួម ធ្វើបទបង្ហាញក្នុងកម្មវិធីវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក ។


សូមរំលឹកផងដែរថា កាលពីថ្ងៃ ចន្ទ ១០ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ និងលោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យ បានដឹកនាំក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលបឋម នៅសាលាភូមិន្ទរដ្ឋបាល ជាន់ទី២ ។

នៅវេលាម៉ោង ២:០០ នាទី រសៀល នាថ្ងៃខែឆ្នាំខាងលើ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោក អ៊ុំ ស៊ីថាត ជាជំនួយការ ត្រូវបានអ្នកសម្របសម្រួលគណៈកម្មការវាយតម្លៃអញ្ជើញឲ្យចូលទៅក្នុងបន្ទប់ វាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលបឋម ។ នៅក្នុងបន្ទប់នោះមានគណៈកម្មការវាយតម្លៃចំនួន៩រូប ដោយធ្វើការបែងចែកគ្នាសម្រាប់ធ្វើការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ ដែលមានចែងនៅក្នុងឯកសារណែនាំស្តីពីវិធីសាស្ត្រនៃការវាយតម្លៃ និង ការទទួលស្គាល់មន្ទីរពេទ្យបង្អែក ផ្តល់សំណុំសកម្មភាពបង្រ្គប់កម្រិត៣ និង មានអ្នកសម្របសម្រួលចំនួន២រូប ដោយមិនអនុញ្ញាតឲ្យអ្នកផ្សេងចូលក្នុងបន្ទប់នោះឡើយ ។
កម្មវិធីវាយតម្លៃ ត្រូវបានរៀបចំជា៣ដំណាក់កាលគឺ ដំណាក់កាលទី១៖ការធ្វើបទបង្ហាញ ដំណាក់កាលទី២៖ ការបង្ហាញវីដេអូខ្លីរយៈពេល៣នាទី និងដំណាក់កាលទី៣៖ កម្មវិធីសំនួរ និងចម្លើយ ។
ជាកិច្ចចាប់ផ្តើមលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រើប្រាស់ពេលវេលាដ៏មានតម្លៃដើម្បីសំដែងនូវគារវកិច្ច និងស្វាគមន៍ គណៈកម្មការវាយតម្លៃទាំង៩រូប រួចក៏បានចាប់ផ្តើមធ្វើបទបង្ហាញជាបន្តបន្ទាប់ទៅតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ ដោយបានធ្វើការពន្យល់បកស្រាយទៅតាម Slide នីមួយៗ ជូនគណៈកម្មការវាយតម្លៃយ៉ាងច្បាស់លាស់ និង មានទំនុកចិត្តខ្ពស់ ឆ្ពោះទៅរកក្តីសង្ឃឹម នៃភាពជោគជ័យ ។ យោងតាមបទពិសោធន៍ លោកប្រធានមន្ទីរពេទ្យបានធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃ ចាប់តាំងពី Slide ដំបូង រហូតដល់ Slide បញ្ចប់ ដោយមិនមានការរំខានពីគណៈកម្មការវាយតម្លៃនោះទេ ។
បន្ទាប់ពីបានបញ្ចប់ការធ្វើបទបង្ហាញរួចមក គណៈកម្មការវាយតម្លៃក៏បានថ្លែងអំណរគុណ លោកប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលបានធ្វើបទបង្ហាញ និង ពន្យល់បានយ៉ាងក្បោះក្បាយ ព្រមទាំងបន្តទស្សនាវីដេអូខ្លីដែលបានផលិតដោយ ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ស្តីអំពីនីតិវិធីនៃការផ្តល់សេវា ពិគ្រោះជំងឺក្រៅ (ចំពោះករណីអ្នកជំងឺថ្មី) ដោយផ្តោតលើភាពរួសរាយ រាក់ទាក់របស់បុគ្គលិក រហ័សទាន់ចិត្ត និងសមធម៌ ។
បន្ទាប់ពីបានទស្សនាវីដេអូរួចមក លោកប្រធានគណៈកម្មការវាយតម្លៃបានផ្តល់ពេលវេលាជូន សមាជិក សមាជិកា គណៈកម្មការដែលទទួលតាមលក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីសួរសំនួរ ព្រមទាំងបានស្នើសុំឲ្យក្រុមការងារមន្ទីរពេទ្យ បង្ហាញឯកសារយោងដើម្បីបញ្ជាក់ផងដែរ ។ នៅក្នុងឱកាសនោះដែរ គណៈកម្មការវាយតម្លៃ បានសួរសំនួរជាបន្តបន្ទាប់ដោយចាប់ផ្តើមពីលក្ខណៈវិនិច្ឆ័យគោលទី១ រហូតដល់លក្ខណៈវិនិច្ឆ័យគោលទី៨ ។


មកដល់ពេលនេះក្រសួងមុខងារសាធារណៈ បានជូនដំណឹងអំពីលទ្ធផលនៃការវាយតម្លៃជ្រើសសម្រាំងបេក្ខជនជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងការអនុវត្តនីតិវិធីបន្តរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ។

ឆ្លងកាត់ការអនុវត្តការជ្រើសសម្រាំងដំណាក់កាលបឋម និងដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានសម្រេចជ្រើសរើសបេក្ខភាព ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ចំនួន១០ ក្នុងមួយកម្រិត សម្រាប់ការវាយតម្លៃនៅដំណាក់កាលនៃការពិនិត្យ និងវាយតម្លៃសម្រេចចុងក្រោយ ក្នុងនោះក៏មានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមផងដែរ ។




Page Menu