ថ្ងៃសុក្រ ១២ រោច ខែ មិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំ “ ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី៧ និងទិវាវិទ្យាសាស្ត្រថែទាំ លើកទី៤ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ កម្មវិធីត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ផងដែរ ។ សមាសភាពចូលរួមមានលោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង ឆ្មប ចូលរួមដោយផ្ទាល់មានចំនួនប្រមាណ ២១៧ នាក់ និងចូលរួមតាមប្រព័ន្ធ Zoom មានចំនួន ១០០០នាក់ ។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យក៏បានក្រើនរំលឹកអំពីគោលនយោបាយរាជរដ្ឋាភិបាលអាណិត្តទី៧ និងក្រសួងសុខាភិបាលទាំង៩ និងអាទិភាពចំបង៣ ដែលក្នុងនោះមានការលើកគុណភាព នៃសេវាពិនិត្យព្យាបាលថែទាំសង្គ្រោះ និងបញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ ។ ក្នុងនោះការបណ្តុះបណ្តាលមុនបំពេញការងារដោយគុណភាព និងការបណ្តុះបណ្តាលបន្តជាប្រចាំ និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលខ្ពស់ គឺជាកត្តាជោគជ័យយូរអង្វែង។ បន្ថែមពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យប្រសាសន៍ផ្ដាំផ្ញើថា ការពង្រឹងគុណភាព និងសុវត្ថិភាព និងក្រមសីធម៌វិជ្ជាជីវៈ គឺត្រូវធ្វើទាំងសេវាសាធារណៈ និងឯកជន ហើយត្រូវអនុវត្តព្រមគ្នា និងការធ្វើនិយ័តកម្មដោយមុឺងម៉ាត់ផងដែរ។

























