កម្មវិធីវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលបឋម


ថ្ងៃ ចន្ទ ១០ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ និងលោកសាស្ត្រាចារ្យជំនួយ ថាន់ សុវណ្ណដេត អនុប្រធានមន្ទីរពេទ្យ បានដឹកនាំក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីវាតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលបឋម នៅសាលាភូមិន្ទរដ្ឋបាល ជាន់ទី២ ។

នៅវេលាម៉ោង ២:០០ នាទី រសៀល ថ្ងៃ ចន្ទ ១០ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងលោក អ៊ុំ ស៊ីថាត ជាជំនួយការ ត្រូវបានអ្នកសម្របសម្រួលអញ្ជើញឲ្យចូលទៅក្នុងបន្ទប់ វាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលបឋម ដែលមានគណៈកម្មការវាយតម្លៃចំនួន៩រូប ដោយធ្វើការបែងចែកគ្នាសម្រាប់ធ្វើការវាយតម្លៃ ទៅតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ ដែលមានចែងនៅក្នុងឯកសារណែនាំស្តីពីវិធីសាស្ត្រនៃការវាយតម្លៃ និង ការទទួលស្គាល់មន្ទីរពេទ្យបង្អែក ផ្តល់សំណុំសកម្មភាពបង្រ្គប់កម្រិត៣ និង មានអ្នកសម្របសម្រួលចំនួន២រូប ។

កម្មវិធីវាយតម្លៃ ត្រូវបានរៀបចំជា៣ដំណាក់កាល៖ ដំណាក់កាលទី១៖ ការធ្វើបទបង្ហាញ ដំណាក់កាលទី២៖ ការបង្ហាញវីដេអូខ្លីរយៈពេល៣នាទី  ដំណាក់កាលទី៣៖ ​កម្មវិធីសំនួរ និងចម្លើយ ។  

ជាកិច្ចចាប់ផ្តើមលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានប្រើប្រាស់ពេលវេលាដ៏មានតម្លៃដើម្បីសំដែងនូវគារវកិច្ច និងស្វាគមន៍ គណៈកម្មការវាយតម្លៃទាំង៩រូប  រួចក៏បានចាប់ផ្តើមធ្វើបទបង្ហាញជាបន្តបន្ទាប់ទៅតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ ដោយបានធ្វើការពន្យល់បកស្រាយទៅតាម Slide នីមួយៗ ជូនគណៈកម្មការវាយតម្លៃយ៉ាងច្បាស់លាស់ និង មានទំនុកចិត្តខ្ពស់ ឆ្ពោះទៅរកក្តីសង្ឃឹម នៃភាពជោគជ័យ ។ យោងតាមបទពិសោធន៍ លោកប្រធានមន្ទីរពេទ្យបានធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃ ចាប់តាំងពី Slide ដំបូង រហូតដល់ Slide បញ្ចប់ ដោយមិនមានការរំខានពីគណៈកម្មការវាយតម្លៃនោះទេ ។

បន្ទាប់ពីបានបញ្ចប់ការធ្វើបទបង្ហាញរួចមក គណៈកម្មការវាយតម្លៃក៏បានថ្លែងអំណរគុណ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលបានធ្វើបទបង្ហាញ និង ពន្យល់បានយ៉ាងក្បោះក្បាយ ព្រមទាំងបន្តទស្សនាវីដេអូខ្លីដែលបានផលិតដោយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ស្តីអំពីនីតិវិធីនៃការផ្តល់សេវា ពិគ្រោះជំងឺក្រៅ (ចំពោះករណីអ្នកជំងឺថ្មី) ដោយផ្តោតលើភាពរួសរាយ រាក់ទាក់របស់បុគ្គលិក រហ័សទាន់ចិត្ត និងសមធម៌  

ជាបន្តលោកប្រធានគណៈកម្មការវាយតម្លៃបានផ្តល់ពេលវេលាជូន សមាជិក សមាជិកា គណៈកម្មការដែលទទួលតាមលក្ខណៈវិនិច្ឆ័យនីមួយៗ ដើម្បីសួរសំនួរ ព្រមទាំងបានស្នើសុំឲ្យក្រុមការងារមន្ទីរពេទ្យ បង្ហាញឯកសារយោងដើម្បីបញ្ជាក់ផងដែរ ។ នៅក្នុងឱកាសនោះដែរ  គណៈកម្មការវាយតម្លៃ បានសួរសំនួរជាបន្តបន្ទាប់ដោយចាប់ផ្តើមពីលក្ខណៈវិនិច្ឆ័យគោលទី១  រហូតដល់លក្ខណៈវិនិច្ឆ័យគោលទី៨ 


យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមការងារសម្របសម្រួលរបស់គណៈកម្មការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យសុខាភិបាលដែលបានទទួលស្វាគមន៍ និងសំដែងនូវភាពរួសរាយរាក់ ព្រមទាំងផ្តល់នូវភាពកក់ក្តៅដល់ក្រុមការងារយើងខ្ញុំ ។ 














































Page Menu